ជំនួប​ប្រាស្រ័យ​មិត្តភាព ការពារ​ព្រំដែន ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ កម្ពុជា​-​វៀតណាម លើក​ទី​២

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​ជំនួប​ប្រាស្រ័យ​មិត្តភាព ការពារ​ព្រំដែន ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ កម្ពុជា​-​វៀតណាម លើក​ទី​២ ។

​នៅក្នុង​ឱកាស​អញ្ជើញ​ដល់​ច្រកព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បាយ បង្គោល​ព្រំដែន​លេខ​១៧១ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ក្នុងឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី​ការពារជាតិ​ទាំងពីរ កម្ពុជា វៀតណាម បាន​អញ្ជើញ​ដាំ​ដើមឈើ​មិត្តភាព និង ស្រោច​ទឹក ព្រមទាំង​បាន​បើក​ស្បៃ​ក្រហម គ្រប​ផ្ទាំង​សិលាចារឹក​ដើមឈើ​មិត្តភាព​ផងដែរ ។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទីតាំង​សំខាន់ៗ​ចំនួន ៤ នៅ​ទឹកដី​ខេត្ត​តៃនិញ ប្រទេស​វៀតណាម មានដូចជា​÷

.​ទី​តាំងទី​១ លំ​ហាត់​សុខាភិបាល​រួម​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ។

.​ទី​តាំងទី​២ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សាលាបឋមសិក្សា​បេន​កូវ នៅក្នុង​ឱកាស​នោះ​គណៈប្រតិភូ​ក្រសួង​ការពារជាតិ ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា​
​ព្រមទាំង​គណៈប្រតិភូ ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ក៏​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​អគារសិក្សា នៅ​សាលាបឋមសិក្សា​បេន​កូវ ផងដែរ​។

.​ទី​តាំងទី​៣ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បន្តដំណើរ​ទៅ​ទស្សនា​តំបន់​ភូមិ​ប្រជាជន​ចង​សម្ព័ន្ធមេត្រីភាព​គ្នា​តាម​ព្រំដែន ស្ថិតក្នុង​ភូមិ​ឡុង​គឿង ឃុំ​ឡុច​ចួ​ន ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។

.​ទី​តាំងទី​៤ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​អញ្ជើញ​បន្តដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កងពលធំ​លេខ​៥ យោធភូមិភាគ​ទី​៧ ក្នុង​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច រដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ បាន​ទស្សនា​សារមន្ទីរ​ប្រពៃណី​របស់​កងពលធំ​លេខ​៥ យោធភូមិភាគ​ទី​៧ បន្ទាប់​មក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក ព្រមទាំង​អញ្ជើញ​ចុះហត្ថលេខា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ ២០២៦ , កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន , អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។

​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ទាំងអស់នេះ បាន​នាំមក​នូវ​ប្រសិទ្ធភាព​ជាក់ស្តែង រួមចំណែក​ក្នុង​ការកសាង​តំបន់​ព្រំដែន​រឹងមាំ សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​យូរអង្វែង​៕​

Leave a Reply

Your email address will not be published. Required fields are marked *