ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​នីតិវិធី​ចុះឈ្មោះ និង​ប្រើប្រាស់​បណ្ណ​សារព័ត៌មាន ឆ្នាំ​២០២៦ ដែល​បំពាក់ QR Code ទប់ស្កាត់​ការ​ក្លែងក្លាយ​ជូន​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​មក​ស្នើសុំ​នៅ​ក្រសួង​ព័ត៌មាន​

ភ្នំពេញ​៖ កិច្ចប្រជុំ​ពិនិត្យ​នីតិវិធី​ចុះឈ្មោះ និង​ប្រើប្រាស់​បណ្ណ​សារព័ត៌មាន ឆ្នាំ​២០២៦ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នា​សាលប្រជុំ​ព្រះវិហារ ក្រោម​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន រួម​ជាមួយ​មន្ត្រី​ជំនាញ​បច្ចេក​ទស បាន​ជម្រាបជូន​ពី​ការកែសម្រួល និង​រចនា​ម៉ូដ​កាត​ថ្មី ដោយ​បំពាក់ QR Code ដូច​កាលពី​ឆ្នាំ​កន្លង​ទៅ​ដោយ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី​ទប់ស្កាត់​ការ​ក្លែង​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន សរុប​បាន​ប្រមាណ​ជាង ៨ ៥០០​នាក់ ដែល​បាន​
​ចុះ​ឈ្មោះ​នៅក្នុង​ឆ្នាំ​២០២៤ ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជំរុញ​ដល់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ រៀបចំ​ការងារ​បច្ចេក​ទេស​ឲ្យបាន​លឿន ហើយ​ចេញ​ជា​លិខិត​ជូនដំណឹង​ដល់ បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​មក​ធ្វើការ​បំពេញបែបបទ​តាម​នីតិវិធី​ចុះឈ្មោះ​សម្រាប់​ប្រើប្រាស់​បណ្ណ​សារព័ត៌មាន ឆ្នាំ​២០២៦ ។

​ជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ដល់​ក្រុមការងារ​ជំនាញ​បច្ចេកទេស ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ​នូវ​រាល់​ចំណុះ​ខ្វះចន្លោះ​មួយចំនួន​កាលពី​ឆ្នាំ​កន្លងមក ពិសេស​គឺ​ការ​ពន្លឿន​នូវ​ការធ្វើ​បណ្ណ​សម្គាល់​អ​ត្ត​ញ្ញាណ​អ្នកសារព័ត៌មាន នៅពេលដែល​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​រួចហើយ ។​

​គួរ​រំលឹក​ដែរ​ថា កាលពីដើម​ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្រេច​ដាក់ឲ្យអនុវត្តន៍​សម្រា​ប់ការ​ធ្វើ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​ទម្រង់​ថ្មី​មាន​បំពាក់ QR Code ដើម្បី​ទប់ស្កាត់​ការ​ក្លែងក្លាយ​ចេញ​ជូន​គ្រប់​អ្នកសារព័ត៌មាន​ទាំងអស់ ហើយក៏​ជា​ការគ្រប់គ្រង​ចំនួន​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ឱ្យបាន​ច្បាស់លាស់​ផងដែរ ។​

​ឯកឧត្តម រដ្ឋមន្ត្រី បាន​បាន​គូសបញ្ជាក់ថា​ក្រសួង​ព័ត៌មាន នឹង​ចេញ​បណ្ណ​សម្គាល់​អត្ត​សញ្ញា​អ្នកសារព័ត៌មាន​នេះ​ជូន​ដល់​គ្រប់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ចង់បាន​បណ្ណ​សម្គាល់​អត្ត​សញ្ញាណ​អ្នកកាសែត​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដោយ​មិន​កំណត់​ចំនួន​តាម​ស្ថាប័ន​តូច​ឬ​ធំ​ដូច​ពីមុន​ទេ​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​បងប្អូន​អ្នកសារព័ត៌មាន ត្រៀម​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​ចេញ​ដោយ​ក្រសួង​ដើម្បី​ទទួលបាន​ភាពស្របច្បាប់ និង​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើន​៕​

Leave a Reply

Your email address will not be published. Required fields are marked *