ប្រជាពលរដ្ឋ ២ ភូមិ ភូមិ​ព្រៃ​ចាន់ និង ភូមិ​ជោគជ័យ ទទួលបាន​ការព្យាបាល​ដោយ​ឥត​គិ​ថ្លៃ ពី​ក្រុមគ្រូពេទ្យ​សមាគម​បេសកកម្ម​មនុស្សធម៌​កម្ពុជា​

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ ២ ភូមិ គឺ ភូមិ​ព្រៃ​ចាន់ និង ភូមិ​ជោគជ័យ ព្រមទាំង​ជនភៀសសឹក​ប្រហែល ៧០០ គ្រួសារ មក​ស្នាក់នៅ​ក្នុង​វត្ត​ចាន់​ស៊ី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ក្រុម​គ្រូពេទ្យ​សមាគម​បេសកកម្ម​មនុស្សធម៌​កម្ពុជា សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពួក​គាត់​នៅ​មណ្ឌល​សុវត្ថិភាព​ជនភៀសសឹក ក្នុង​វត្ត​ចាន់​ស៊ី ដោយ​ឥតគិតថ្លៃ​។​

​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​នេះ មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង​ចំនួន ១៥ នាក់ និង​ខ្មែរ ៨ នាក់ ក្នុងនោះ វេជ្ជបណ្ឌិត ៥ នាក់ ដោយ​មិន​យក​កម្រៃ​នោះទេ​។​

​ក្រុម​វេជ្ជបណ្ឌិត​បានឲ្យដឹងថា ដោយ​មើលឃើញ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រងគ្រោះ​ដោយសារ​យោធា​ថៃ​បាញ់ប្រហារ ហើយ​បាន​ភៀសខ្លួន​មក​ស្នាក់នៅ​ក្នុង​វត្ត​ចាន់​ស៊ី​នេះ ភាគច្រើន គឺ​មនុស្ស​ចាស់​មាន​ជំងឺ​ជាប់​ខ្លួន ទើប សម្ដេច​ធិបតី និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន ម៉ា​ណែ​ត ឲ្យ​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ព្រោះ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នៅតាម​គ្លីនិក​ឯកជន​។​

​ប្រជាពលរដ្ឋ​ភៀសខ្លួន​ដោយសារ​យោធា​ថៃ​បាញ់ប្រហារ​ប្រហែល ៧០០ គ្រួសារ មក​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​វត្ត​កាន់​ស៊ី​នេះ បាន​អរគុណ​ដល់ សម្ដេច​ធិបតី និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន ម៉ា​ណែ​ត មិន​ត្រឹមតែ​ផ្ដល់​ទីជម្រក ទឹក ភ្លើង ម្ហូបអាហារ ថវិកា សម្ភារៈ​ផ្ទះបាយ មុង ភួយ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដឹកនាំ​ក្រុមគ្រូពេទ្យ​សមាគម​បេសកកម្ម​មនុស្សធម៌​កម្ពុជា ផ្ដល់​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ពួកគាត់​ទៀតផង​៕​

Leave a Reply

Your email address will not be published. Required fields are marked *