សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​ព្រៃនប់ ទទួលបាន​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និង App NoDrug

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​រដ្ឋបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បានរួម​គ្នា ធ្វើ​ពិធី​ផ្សព្វផ្សាយ​លើក​កម្ពស់​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និង​ការប្រើប្រាស់​App NoDrug ដល់ អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ទូទាំង​ស្រុក​ព្រៃនប់​ជិត​២០០​នាក់​។​

​ក្នុងនាម​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត លោក​បណ្ឌិត អ៊ី ធា​រិន អភិបាលស្រុក បាន​មានប្រសាសន៍ ដោយ​បាន​លើកឡើង​ពី​ស្ថានភាព​ទូទៅ ពិសេស​បញ្ហា​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ដែល​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ស្រុក​ព្រៃនប់ បាន​ខិតខំ​ធ្វើ​ការប្រយុទ្ធប្រឆាំង​ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង​។​
​ថ្លែង​ក្នុង​នាម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត បាន​ពាំនាំ​ការកោតសរសើរ​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជូន​ចំពោះ អាជ្ញាធរ​គ្រប់​ថ្នាក់​នៃ​ខេត្ត​ព្រះសីហនុ​និយាយ​ជា​រួម​និង​និយាយ​ដោយឡែក​អាជ្ញាធរ​ស្រុក​ព្រៃនប់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ បាន​ថ្លែងបន្តថា​ស្រុក​ព្រៃនប់ ជា​ស្រុក​ដំបូង​គេ​ដែល​បាន​ធ្វើ​ការងារ​ផ្សព្វផ្សាយ ដល់​ប្រតិបត្តិ​ករ​ផ្ទាល់​ពិសេស​ពី​មេឃុំ មេភូមិ ព្រម​ទាំង​នាយក​សាលា​ទូទាំង​ស្រុក​សូម​បន្ត​យកចិត្តទុកដាក់ លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​នេះ​ឱ្យបាន​ទូលំទូលាយ​ពី​បញ្ហា​គ្រឿងញៀន​ក៏​ដូចជា​ជំរុញ​ការប្រើប្រាស់​App NoDrug ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បី​ប្រសិទ្ធភាព បង្ការ​ទប់ស្កាត់​បាន​កុំឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នៃ​គ្រឿងញៀន គ្មាន​គ្រឿងញៀន សហគមន៍​សុខសាន្ត មាន​ការអភិវឌ្ឍ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *