ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ថា​ដើម្បី​ឆ្ពោះទៅ​រក​ប្រទេស​កម្ពុជា​ដែល​គ្មាន​មីន​ឆ្នាំ​២០៣០ ទាមទារ​នូវ​ឆន្ទៈ​នយោបាយ​ប្រកបដោយ​និរន្តរភាព ធនធាន​គ្រប់គ្រាន់ និង​វិធីសាស្ត្រ​ប្រកប​ដោយ​នវានុវត្តន៍ ព្រមទាំង​ទទួល​ការគាំទ្រ​ប្រកប​ដោយ​សប្បុរស​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន គូសបញ្ជាក់ថា ដើម្បី​ឆ្ពោះទៅរក​ប្រទេស​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០៣០ ទាមទារ​នូវ​ឆន្ទៈ​នយោបាយ​ប្រកបដោយ​និរន្តរភាព ធនធាន​គ្រប់គ្រាន់ និង​វិធីសាស្ត្រ​ប្រកប​ដោយ​នវានុវត្តន៍ ព្រមទាំង​ទទួល​ការគាំទ្រ​ប្រកប​ដោយ​សប្បុរស​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញ​ដឹកនាំ​សិក្ខាសាលា​បិទ​បញ្ចប់ “​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដំណាក់កាល​ទី​៤” ។ ឯកឧត្តម លី ធុជ ថ្លែង​ឱ្យដឹង​ទៀត​ថា ចាប់តាំងពី​ឆ្នាំ​២០២០ ស្ថានភាព​ប្រជាជន​កម្ពុជា​ជាង ៣៤១ ០០០​នាក់ បាន​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​ជាង ១៧៤​គីឡូម៉ែត្រ​ការ៉េ (​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២៥) រួម​ទាំង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន ការអប់រំ​យល់ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ និង​ការកសាង​សមត្ថភាព​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។​

​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​បាន ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ភាព​ជា​ដៃគូ​រវាង​អាជ្ញាធរ​មីន ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ប្រទេស​អូស្ត្រាលី ប្រទេស​នូវែ​លសេ​ឡង់ សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​លុច​សំបួ ដែល​បាន​ប្តេជ្ញាចិត្ត​ឈរ​ជាមួយ​កម្ពុជា និង​បង្ហាញ​ពី​សាមគ្គីភាព​ជា​សកល​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​មនុស្សធម៌ ចូលរួម​ចំណែក​គាំទ្រ​ដល់​កិច្ចសង្គ្រោះ​ជីវិត និង​កសាង​អនាគត​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រទេស​ជា​មិត្ត និង​ដៃគូ​ដទៃទៀត ដែល​បច្ចុប្បន្ន​បាននិងកំពុង​បន្ត​គាំទ្រ​ប្រកប​ដោយ​សប្បុរស​ដល់​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័​រវែ​ស ស្វីស ចិន អៀរ​ឡង់ បែ​ល​ហ្សិក ឥណ្ឌា ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​សប្បុរសជន​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បន្តទៀតថា បច្ចុប្បន្ននេះ កម្ពុជា បាន​ឈាន​ដល់​របត់​ថ្មី​មួយ​យ៉ាងសំខាន់ ឈាន​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ជា​ប្រវត្តិសាស្ត្រ គឹ​កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​២០៣០ ដែល​ចក្ខុវិស័យ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី ដោយ​ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥ ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។ តាមរយៈ​គោលដៅ​នេះ កម្ពុជា នឹង​អាច​រួច​ចាក​ផុត​ពី​ការគំរាមកំហែង​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​តែងតែ​លងបន្លាច​ប្រជាជន​កម្ពុជា អស់​ជាច្រើន​ទសវត្សរ៍ ព្រមទាំង​បាន​ឆក់​យក​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា បំផ្លាញ​គ្រួសារ និង​រារាំង​ដល់​សក្តានុពល​អភិវឌ្ឍ​ន៍​ជាតិ​។​

​ឯកឧត្តម លី ធុជ បាន​បញ្ជាក់ទៀតថា ខណៈពេល​ដែល​យើង​អបអរ​សមិទ្ធិផល​នៅថ្ងៃនេះ យើង​ក៏​ត្រូវតែ​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ដ៏​ធំធេង​នៅ​ពេល​ខាងមុខ​ផងដែរ​។ គ្រាប់​មីន​នៅ​តែ​បន្ត​ប្រែក្លាយ​ដីស្រែ​ដែល​មាន​ជីជាតិ ទៅជា​តំបន់​ហាមឃាត់ និង​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​ស្លូតត្រង់ ជាមួយ​នឹង​ស្ថានភាព​ចម្ការមីន​ដែល​មាន​ភាពស្មុគស្មាញ​ខ្ពស់ ដែល​តម្រូវការ​ធនធាន​សម្រាប់​ធ្វើការ​បោសសម្អាត និង​ប្រើប្រាស់​វិធីសាស្ត្រ​រួម​ជាមួយ​បច្ចេកទេស​ទំនើប​។

​បញ្ហា​ប្រឈម​ទាំងនេះ គឹជា​មូលហេតុ​មួយ​យ៉ាង​សំខាន់ ក្នុង​ការបន្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៥ (២០២៦-២០៣០) និង​តម្រូវ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ប្រកបដោយ​និរន្តរភាព ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការបន្ត​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
​ជាមួយគ្នា​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា “​ការសម្រេចបាន​នូវ​ស្ថានភាព​គ្មាន​មីន មិនមែន​ជា​ការបញ្ចប់​ការងារ​របស់​យើង​នោះទេ វា​គឺជា​ការផ្លាស់ប្តូរ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយ​។

​សូម្បី​តែ​ក្រោយ​ឆ្នាំ ២០៣០ កម្ពុជា​នឹង​ប្រឈម​នូវ​ហានិភ័យ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ដែល​នៅ​សេសសល់ ដែល​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​បន្ត​។ យើង​ត្រូវតែ​កសាង​សមត្ថភាព​ជាតិ​ប្រកបដោយ​និរន្តរភាព ដើម្បី​ដោះស្រាយ​ហានិភ័យ​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ធានា​ថា​សកម្មភាព​មីន​នៅ​តែ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ដ៏​ទូលំទូលាយ​របស់​កម្ពុជា​”​។​

​ក្នុងនាម​អាជ្ញាធរ​មីន ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម លី ធុជ បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​ស្នូល​ចំនួន​៣ ទី​១/.​ប្រជាជន​កម្ពុជា​គ្រប់​រូប​អាច​រស់នៅ​និង​ធ្វើការ​ដោយ​សុវត្ថិភាព​ដោយ​រួចផុត​ពី​ការគំរាមកំហែង​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ ទី​២/.​គ្មាន​នរណា​ម្នាក់​ត្រូវបាន​គេ​ទុក​ចោល និង​ទី​៣/.​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានាបាន​នូវ​ការសម្របសម្រួល ប្រសិទ្ធភាព និង​សកម្មភាព​មីន​ដែល​ផ្តល់​នូវ​ផល​ប៉ះពាល់​ជា​អតិបរមា​ផ្នែក​មនុស្សធម៌ និង​ការអភិវឌ្ឍ​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​គូសបញ្ជាក់ថា ដើម្បី​ឆ្ពោះទៅរក​ប្រទេស​កម្ពុជា​ដែល​គ្មាន​មីន​ឆ្នាំ​២០៣០ ទាមទារ​នូវ​ឆន្ទៈ​នយោបាយ​ប្រកបដោយ​និរន្តរភាព ធនធាន​គ្រប់គ្រាន់ និង​វិធីសាស្ត្រ​ប្រកប​ដោយ​នវានុវត្តន៍ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍ រួម​គ្នា​គាំទ្រ​កម្ពុជា ក្នុង​ការជួយ​សង្គ្រោះ​ជីវិត ស្តារ​ក្តីសង្ឃឹម​ឡើងវិញ និង​នាំ​ប្រទេស​កម្ពុជា​កាន់តែ​ខិត​ជិត​ទៅ​នឹង​ចក្ខុវិស័យ​រួម​៖ ជា​ប្រទេស​មួយ​ដែល​មនុស្ស​គ្រប់រូប​អាច​រស់នៅ​និង​ធ្វើការ​ដោយ​សុវត្ថិភាព ជា​កន្លែង​ដែល​ការអភិវឌ្ឍ​រីកចម្រើន​ដោយ​មិន​មាន​ការរារាំង​ពី​ការគំរាមកំហែង​ពី​អតីតកាល និង​ជា​កន្លែង​ដែល​មរតក​ដ៏​អាក្រក់​នៃ​ជម្លោះ​ត្រូវបាន​លុបបំបាត់​៕​

Leave a Reply

Your email address will not be published. Required fields are marked *