ថៃ​ចោទ​កម្ពុជា​ដុត​ផាវ​នៅ​ពោធិ៍សាត់ និង​បង្កើត​ក្រុម AOT ក្លែងក្លាយ

​មេបញ្ជាការ​កង​ម៉ា​រី​ន​ខេត្ត​ត្រាត​របស់​ថៃ លោក ថា​មនុ​ន វ៉ាន់​ណា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចោទ​កម្ពុជា​ថា​យក​ក្រុម​សង្កេតការណ៍​អាស៊ាន​ក្លែងក្លាយ​ទៅ​ខេត្ត​ពោធី៍សាត់ ហើយ​ដុត​ផាវ ដើម្បី​ចោទថា​ថៃ​បំ​ផ្ទុះអាវុធ ។ នេះ​បើ​យោង​តាម​កាសែត Khaosod ។

​មេបញ្ជាការ​រូបនេះ និយាយទៀតថា ពេល​កើតហេតុ​លោក​កំពុង​ត្រួតពិនិត្យ​តំបន់​នោះ​សម្រាប់​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​ខេត្ត​ត្រាត​។ ក្នុងអំឡុងពេល​ត្រួតពិនិត្យ មាន​ពលរដ្ឋ​កម្ពុជា​ប្រហែល ៣០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មូលដ្ឋាន​របស់​ពួកគេ​នៅក្នុង​តំបន់​នោះ ដោយ​ពាក់មួក​ពណ៌​ខៀវ ។ លោក​បាន​ប្រើ​កែវយឹត​ដើម្បី​សង្កេតមើល ហើយ​បាន​បង្ហោះ​ដ្រូ​ន​ដើម្បី​ថតរូប​ពី​ប្រទេស​ថៃ​។ បន្ទាប់មក សំឡេង​ខ្លាំង​មួយ​បាន​ផ្ទុះឡើង ។

​លោក​ចោទថា នេះ​ជា​ការរៀបចំ​ឡើង ដោយ​កម្ពុជា​បាន​ដុត​ផាវ ហើយ​បន្ទាប់មក​ផ្តល់​ព័ត៌មាន​ថា​ទាហាន​ថៃ​បាន​បំ​ផ្ទុះអាវុធ ។

​គួរបញ្ជាក់​ថា យោង​តាម​ក្រសួង​ការពារជាតិ​កម្ពុជា មាន​ការផ្ទុះ​អាវុធ​នៅ​ខាង​ភាគី​ថៃ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ម៉ោង​១១:០៨​នាទី​ព្រឹក ចំ​ពេល​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) កំពុង​ចុះ​ពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច​១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។

​ដើម្បី​សុវត្ថិភាព ក្រុម AOT សម្រេច​ដកថយ​ត្រឡប់ក្រោយ ផ្អាក​ការចុះ​ផ្ទៀងផ្ទាត់​នៅ​តំបន់​នោះ ។ នេះ​បើ​យោង​តាម​ក្រសួង​ការពារជាតិ ។​

​ចំពោះ​ការចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា និង​ចោទ​ថា AOT ក្លែងក្លាយ អ្នកជំនាញ​រំពឹងថា ក្រុម AOT ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​អាច​បញ្ជាក់បាន​ពី​ការពិត ៕​

Leave a Reply

Your email address will not be published. Required fields are marked *