ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណារិ​ទ្ធ​បញ្ជាក់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​បោសសម្អាត​ការ​ឆបោក​និង​បង្ក្រាប តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បានអនុញ្ញាត​ឱ្យ​ឯកឧត្តម NIU HAIFENG អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត ក៏​បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នាពេល​កន្លងមក​ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​។

​ឯកឧត្តម​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ​ដោយ​ជំនឿ​ទុកចិត្ត​រវាង​គ្នា​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជា​បញ្ហា​ស្មុគស្មាញ​និង​សកល​នេះ​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម អគ្គនាយករង បាន​សម្តែង​នូវ​ការកោតសរសើ​ដល់​សមត្ថកិច្ច​កម្ពុជា​ដែល​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិ​ល្អ ឆាប់រហ័ស​ក្នុង​ការចាប់​បញ្ជូន​ជនជាតិ​ចិន និង​វត្ថុតាង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ដើម្បី​អនុវត្ត​នីតិវិធី​និង​ការស្រាវជ្រាវ ស៊ើបអង្កេត​បន្ត​។​

​ឯកឧត្តម អគ្គនាយករង បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់​ពី​ការដាក់ចេញ​នូវ​បទបញ្ជា​ទូទាំង​ប្រទេស​សម្រេចបាន​លទ្ធផល​ជាច្រើន​។​

​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត រួម​ទាំង​ការកសាង​សមត្ថភាព និង​ដក​ពិសោធ​រវាង​គ្នា​ទៅវិញទៅមក សំដៅ​ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *