អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ក្រសួង​អធិការកិច្ច​ផ្សព្វផ្សាយ​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន និង​ជំរុញ​ការប្រើប្រាស់ App NoDrug

​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង​អធិការកិច្ច និង​រដ្ឋបាល​ខេត្ត​ព្រៃវែង​រួមគ្នា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ជំរុញ​ប្រើប្រាស់ App NoDrug ដល់​មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន សិស្សានុសិស្ស​នៅ​ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង​។​

​លោក សុទ្ធ សោភ័ណ អភិបាលស្រុក និង​លោកជំទាវ សេង ទៀង អភិបាលរង​ខេត្ត​ព្រៃវែង សុទ្ធតែ​បាន​ថ្លែង​ដោយ​បាន​លើកឡើង​ពី​ការរីកចម្រើន សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ពិសេស​បញ្ហា​គ្រឿងញៀន​។​

​ក្នុងនាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាំមក​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហើយ​លោក​បាន​ចែករំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ក៏​ដូចជា​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា App NoDrug ។​

​ក្នុងនាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ក្នុងឱកាស​នោះ​ដែរ លោកជំទាវ វី ស្រី​ពៅ រដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​បាន​ថ្លែង ឱ្យ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​និង​បាន​សំណូមពរ​ឱ្យ​បន្ត​អនុវត្ត​ច្បាប់​និង​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​គោរព​ច្បាប់​គ្រប់គ្នា​ដើម្បី​សុខ​សុវត្ថិភាព គ្មាន​ហិង្សា និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​៕​

Leave a Reply

Your email address will not be published. Required fields are marked *