ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ​លើ​ជំនាញ​គណនេយ្យ​

ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ​លើ​ជំនាញ​គណនេយ្យ​។​

​ឯកឧត្តម អ៊ុង បូ​រា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា កម្មវិធី​បណ្តុះបណ្តាល​លើ​ជំនាញ​គណនេយ្យ ដល់​សិស្សានុសិស្ស​ផ្នែក​អប់រំ​បច្ចេកទេស​វិជ្ជាជីវៈ ក្នុង​ការអនុវត្ត​គន្លង​អប់រំ​ថ្មី ឬ​គន្លង​វិជ្ជាជីវៈ ចាប់ផ្តើម​ដាក់ឲ្យ​អនុវត្ត​តាម​ការគ្រោង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​បច្ចុប្បន្ន ពិសេស​បំពេញបន្ថែម​តម្រូវ​ទីផ្សារ​របស់​ក្រុមហ៊ុន​នានា ដែល​កំពុង​ត្រូវការ បុគ្គលិក​លើ​ជំនាញ​គណនេយ្យ​។

​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កំណត់​គោលការណ៍ និង​លក្ខខណ្ឌ សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ ក្នុង​ការរៀបចំ និង​អនុវត្ត​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ជំនាញ​គណនេយ្យ ដល់​សិស្សានុសិស្ស ផ្នែក​អប់រំ​បច្ចេកទេស​វិជ្ជាជីវៈ នៅ​តាម​សាលារៀន​គោលដៅ ក្នុង​ការអនុវត្ត​គន្លង​អប់រំ​ថ្មី របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ឯកឧត្តម បានបញ្ជាក់​ថា ភាគី​ទាំង​ពីរ​យល់ព្រម​គ្នា លើ​កម្រិត​សហប្រតិបត្តិការ ក្នុង​ការរៀបចំ និង​អនុវត្ត កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ​ដល់​សិស្ស ផ្នែក​អប់រំ​បច្ចេកទេស ចាប់ពី​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ក្នុង​ការអនុវត្ត​គន្លង​អប់រំ​ថ្មី ឬ គន្លង​វិជ្ជាជីវៈ ពិសេស ផ្តល់​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ដល់​គ្រូ​បង្រៀន និង​គ្រូ​ជំនួយ​ជំនាញ​គណនេយ្យ និង​ចូលរួម​ក្នុង​ការអភិវឌ្ឍ​កម្មវិធីសិក្សា​ជំនាញ​គណនេយ្យ ក្នុងនាម​ជួយ​គាំទ្រ​ដំណើរការ​អនុវត្ត កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ នៅ​តាម​ស្ថានភាព​សាលារៀន​គោលដៅ និង​បង្កើត​គណនី សម្រាប់​សិស្សានុសិស្ស ចូល​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​លោក​បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បានឲ្យដឹងថា នេះ​គឺ​ជាមោ​នត​ភាព​១ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​សេចក្តីទុកចិត្ត និង​ជឿជាក់​លើកំ​រឹ​តគុណភាព នៃ​ការអប់រំ ចំណេះ​ជំនាញ ជាពិសេស ឈានដល់​កិច្ចសហប្រតិបត្តិការ ជាមួយ សាកលវិទ្យាល័យ​យើង ក្នុង​ការអភិវឌ្ឍ​ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ លើ​ជំនាញ​គណនេយ្យ​។​

​លោក​បណ្ឌិត ប្ដេជ្ញា​បំពេញបន្ថែម​នូវ​ចន្លោះ​ការខ្វះខាត​ផ្នែក​ធនធានមនុស្ស​លើ​ជំនាញ​គណនេយ្យ​នេះ​ប្រកបដោយ​ជោគជ័យ តាមរយះ​ការសហការ​ចែករំលែក ធនធានមនុស្ស គ្រូបង្រៀន អភិវឌ្ឍ​សម្ភារៈ​សម្រាប់​បណ្តុះបណ្តាល អ្នកជំនាញ​បណ្តុះបណ្តាល បញ្ចូល​មេរៀន​ផលិតផល​ថ្មីៗ និង​សេវាកម្ម​នានា របស់​ធនាគារ​អេស៊ីលីដា ដើម្បី​ប​ញ្រា្ជ​ប​ការយល់ដឹង​ឲ្យទៅដល់​សាលា​គោលដៅ​ដែល​បាន​ឯកភាពគ្នា​ដែល​សិស្សានុសិស្ស​ត្រូវ​ចូលរៀន​ក្នុង​ពេលវេលា​ដូចៗ​គ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *