ដើម្បី​ជីវភាព​ប្រជា​សហគមន៍ អាជ្ញាធរ​ជំរុញ​ការអភិវឌ្ឍន៍​សហគម​ន៍​នេសាទ​ទាំង​៥ ក្នុង​ខេត្ត​កែប​

​ដើម្បី​ជីវភាព​ប្រជា​សហគមន៍ កាន់តែ​ប្រសើរ​ឡើង អាជ្ញាធរ​ខេត្ត​កែប បាន​និង​កំពុង​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​ន៍​សហ​គ​មន៍​នេសាទ​ទាំង​៥ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​ជា​ការជួយ​គិតគូ ពី​ជីវភាព របស់​ប្រជា​សហគមន៍​។​

​ឯកឧត្តម ហ៊ួ​រ មិថុនា អភិបាលរង​ខេត្ត​កែប បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថា ដោយ​មាន​ការ​ចង្អុរបង្ហាញ​ពី​សំណាក់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កែប ក៏ដូចជា​លោក​ជំទាវ ចម និមល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត​កែប ដោយ​បាន​ឃើញ​គោលដៅ​ពីរ​ធំៗ​ដែល​កំពុង​ជំរុញ​ក្នុង​ការអភិវឌ្ឍន៍​សហ​គ​មន៍​នេសាទ​ទាំង​៥ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​កែប បន្តថា ចំពោះ​គោលដៅ​ធំ​ទី​១ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​បី​សំខាន់​គឺ ផ្លូវ ចំណត និង​បន្ទប់ទឹក និង​គោលដៅ​ធំ​ទី​២ ក្នុង​ការបង្កើន​វិស័យ​វារីវប្បកម្ម​ទៅតាម​ស្ថានភាព នៅតាម​សហគមន៍​ទាំង​៥ ពោល​ការជំរុញ​ឱ្យ​មាន​ការចិញ្ចឹម​គ្រឿង​សមុទ្រ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។​

​ក្នុងនោះ​ដែរ​អាជ្ញាធរ កំពុង​ធ្វើ​ការជំរុញ​ការពង្រីក​បន្ថែម​នូវតាម​សហគមន៍​ដែល​មាន​ស្រាប់​ទាំង​៥ នេះ ជា​ការជួយ​គិតគូរ​ពី​ជីវភាព​របស់​ប្រជា​សហគមន៍ ពី​សំណាក់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត ក្រោម​កម្ចី​ឥណទាន ADB ធានា​គារ​អភិវឌ្ឍន៍អាស៊ី​៕

Leave a Reply

Your email address will not be published. Required fields are marked *