មនុស្ស​១០​នាក់​ស្លាប់ និង ៦​នាក់ បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​នៅក្នុង​តំបន់​ភ្នំ​និង​វាលទំនាប​លិច​ទឹក​ដែល​ប្រជាជន​ឥណ្ឌូណេស៊ី​រាប់លាន​នាក់​និយម​រស់នៅ​

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ និង​បង្កឱ្យមាន​ហេតុការណ៍​រអិល​បាក់​ដី​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ និង ៦​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ប៉ូលីស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទៅ​កាន់​ដល់​តំបន់​ដែល​រងគ្រោះ ស្ដិតនៅក្នុង​ទីតាំង​ចំនួន​៦​នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង បន្ទាប់​ពី​ភ្លៀង​មូសុង​បង្អុរ​ចុះ​ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងមក និង​បណ្តាលឱ្យ​ទឹកទន្លេ​ឡើង​ហើម​ហៀរហូរ​ច្រាំង​។

​កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​រក​ឃើញ​សព​មនុស្ស​យ៉ាងហោចណាស់​៥​នាក់ និង​មនុស្ស​៣​នាក់​ទៀត​រងរបួស​នៅក្នុង​ទីក្រុង Sibolga ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ ហើយ​នឹង​កំពុង​បន្ត​ស្វែងរក​អ្នកភូមិ​ចំនួន​៤​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​រាយការណ៍​ថា​បាត់​ខ្លួន នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលីស​ដដែល​។

​ប្រធាន​ប៉ូលីស​ក្រុង Sibolga បាន​និយាយទៀតថា​៖ ជម្រក​សង្គ្រោះ​និង​ន្ទា​ន់​ត្រូវបាន​បង្កើតឡើង​ហើយ ខណៈ​ដែល​អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​ប្រជាជន​នៅក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់ ដោយ​ពួកគេ​ព្រមាន​ថា​៖ ស្ថានភាព​នៅ​ពេល​នេះ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​អាច​បង្ក​ឱ្យ​មាន​ហេ​ត​ការណ៍​រអិល​បាក់​ដី​កាន់​តែ​ខ្លាំង បន្ទាប់ពី​មាន​ទីតាំង​ចំនួន​៦​កន្លែង​រួចហើយ​ដែល​មាន​ដី​បាក់ នៅក្នុង​ទីក្រុង​ជាប់​ភ្នំ និង​បាន​ធ្វើឱ្យ​ផ្ទះ​ចំនួន​១៧​ខ្នង ហាង​កាហ្វេ​មួយ​កន្លែង​ត្រូវ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​។

​លើ​ករណី​នេះ មិនតែប៉ុណ្ណោះ​ភ្លៀង​ធ្លាក់​ខ្លាំង​តាម​រដូវ​កាល​ដែល​ចាប់ផ្តើម​ពី​ខែតុលា​ដល់​ខែ​មីនា ជារឿយៗ​តែងតែ​បណ្តាល​ឱ្យ​មាន​ទឹកជំនន់ និង​រអិល​បាក់​ដី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​ដែន​កោះ​មួយ មាន​ប្រជុំ​កោះ​ចំនួន​១៧.០០០​កោះ និង​ជា​កន្លែង​ដែល​មាន​មនុស្ស​រាប់លាន​នាក់​តាំង​ទីលំនៅ​រស់នៅក្នុង​តំបន់ភ្នំ ឬ​នៅ​ក្បែរ​វាលទំនាប​លិច​ទឹក ដោយសារ​តែ​វា​ជីវជាតិ​សម្រាប់​បង្ករ​បង្កើន​ផល និង ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​បាន​យ៉ាង​ល្អ​ដែរ​៕ ​

Leave a Reply

Your email address will not be published. Required fields are marked *