ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់​ពី​ការគាំទ្រ និង​ផ្តល់​កិច្ចសហការ​របស់​អាជ្ញា​ធរ​មីន ចំពោះ​កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​របស់​អង្គការ Halo Trust នៅ​កម្ពុជា​

​សៀមរាប​៖ នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អង្គការ Halo Trust ខេត្តសៀមរាប ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ទទួល​ស្តាប់​នូវ​សេចក្តីរាយការណ៍​របស់​អង្គការ Halo Trust អំពី​លទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៥ និង​ផែនការ​បន្ត​សម្រាប់​ឆ្នាំ​២០២៦​។​

​ក្នុង​នោះ​ផង​ដែរ លោក Tobias Hewitt ប្រធាន​អង្គការ Halo Trust ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​អំពី​ស្ថានភាព​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ជំនួយ កម្លាំង​បោសសម្អាត​មីន និង​តម្រូវការ​ចម្ការមីន​សម្រាប់​ធ្វើការ​បោសសម្អាត​ក្នុង​ឆ្នាំ​២០២៦ ព្រមទាំង​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មីន​ផ្តល់​នូវ​ការគាំទ្រ និង​កិច្ចសហការ​លើ​កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​របស់​អង្គការ Halo Trust នៅ​កម្ពុជា ក្នុង​ការរៀបចំ​ផែនការ​បោសសម្អាត​មីន​ឆ្នាំ​២០២៦ និង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរួមចំណែក​របស់​អង្គការ Halo Trust នៅ​កម្ពុជា ក្នុង​ការផ្តល់​ដី​សុវត្ថិភាព កាត់បន្ថយ​គ្រោះថ្នាក់ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​សហគមន៍​រង​ផលប៉ះពាល់​ដោយសារ​មីន​។ ឯកឧត្តម លី ធុជ ក៏​បាន​បញ្ជាក់​ពី​ការគាំទ្រ និង​ផ្តល់​កិច្ចសហការ​គ្រប់បែប​យ៉ាង​របស់​អាជ្ញា​ធរ​មីន​ចំពោះ​កម្មវិធី និង​ផែនការ​របស់​អង្គការ Halo Trust នៅ​កម្ពុជា ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ផ្តាំ​ដល់​អង្គការ Halo Trust ពាំនាំ​នូវ​សេចក្តី​ថ្លែងអំណរគុណ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​ចំពោះ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ដែល​បាន​និង​កំពុង​ផ្តល់​នូវ​ការគាំទ្រ​ដល់​កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​របស់​អង្គការ Halo Trust រយៈពេល​ជាង ៣០​ឆ្នាំ មកនេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *