មនុស្ស​១២​នាក់​ស្លាប់ និង​រាប់សិប​បាត់​ខ្លួន​បន្ទាប់ពី​ទូក​២​គ្រឿង បុក​គ្នា​ក្រឡាប់​និង​ស្របពេល​ដែល​មាន ហេតុការណ៍​បាក់ស្រុត ច្រាំង​ទន្លេ​ក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប៉េ​រូ​

យ៉ាងហោច​ណាស់​មនុស្ស​១២​នាក់​បាន​ស្លាប់ បន្ទាប់​ពី​ទូក​ដឹកជញ្ជូន​អ្នកដំណើរ​២​គ្រឿង​ដែល​ធ្វើដំណើរ​តាម​ដង​ទន្លេ​ជ្រុល​ទៅ​បុក​គ្នា​និង​ក្រឡាប់ ស្របពេល​ដែល​មាន​ដី​ច្រាំងទន្លេ​បាក់ស្រុត​ចូល​ទឹកទន្លេ ដោយ​បណ្តាល​ឱ្យ​មាន​រលក​ទឹកខ្ជោ​រ​ឡើងខ្លាំង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ក្នុង​ប្រទេស​ប៉េ​រូ​ដែរ នេះ​បើ​យោងតាម​អាជ្ញាធរ​ដែនដី​ប៉េ​រ៉ូ​។

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅលើ​ដង​ទន្លេ Ucayali នា​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ ស្ថិតនៅ​ក្បែរ​កំពង់ផែ Iparia ដែល​មាន​ចម្ងាយ​ត្រូវ​ធ្វើ​ដំណើរ​ជាង​មួយ​ថ្ងៃ​ពី​រដ្ឋធានី​មកកាន់​ដង​ទន្លេ Ucayali នេះ​។ យោង​តាម​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់កា​រពារ​ជន​ស៊ីវិល​ជាតិ (COEN) បាន​បន្ថែមថា​៖ ហេតុការណ៍​នេះ​ត្រូវ​គេ​សន្មត់​ថា​ជា​លទ្ធផល​នៃ​ការហូរ​ច្រោះ​ដី​ច្រាំងទន្លេ Ucayali ដែល​ធ្លាប់​ត្រូវបាន​គេ​ស្នើ​សុំ​ការគាំទ្រ​ពី​កងទ័ពជើងទឹក​កន្លង​មក​ដែរ​។

​ប្រព័ន្ធ​ថែទាំ​សង្គ្រោះបន្ទាន់​ចល័ត ដែល​ជា​សេវា​សាធារណៈ​សម្រាប់​គ្រា​អាសន្ន និង មាន​ផ្នែក​វេជ្ជសាស្ត្រ​ដែរ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​រយៈ​តាម​ទូរស័ព្ទ​ថា​៖ មាន​មនុស្ស​១២​នាក់​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​មនុស្ស​បាត់​ខ្លួន​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​អ្នកដំណើរ​ចំនួន​២០​នាក់​ផ្សេង​ទៀត​ត្រូវបាន​គេ​បញ្ជូន​យកទៅ​ព្យាបាល បន្ទាប់​ពី​ជួយ​សង្គ្រោះ​ចេញពី​ទឹក​។

​តាមរយៈ​រូបភាព​វីដេអូ​ដែល​ចាក់​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញថា​មាន​ស្ត្រី​ម្នាក់​បាន​កាន់​ដៃ​កុមារ រត់ និង​យំ​តាម​ច្រាំងទន្លេ Ucayali ខណៈ​មនុស្ស​កំពុង​ព្យាយាម​ផ្តល់ជំនួយ​ដំបូង​ដល់​ជនរងគ្រោះ អំឡុង​ពេល​ទូក​លិច​ក្រឡាប់ និង​មាន​អ្នក​រស់រានមានជីវិត​ផ្សេងទៀត​បាន​ព្យាយាម​ជួយ​ខ្លួនឯង​ចេញពី​ទឹក​ផងដែរ​។

​សូម​រំលឹក​ថា​នេះ​មិនមែន​ជា​គ្រោះថ្នាក់​តាម​ដង​ទន្លេ​តែមួយ​លើ​ក​នោះ​ទេ​ក្នុង​ឆ្នាំ​២០២៥​នៅ​ប៉េ​រ៉ូ​។ កាលពី​ខែ​ឧសភា​ក៏​មាន​ការប៉ះទង្គិច​គ្នា​រវាង​នាវា​កងទ័ពជើងទឹក​ប៉េ​រូ និង​នាវា​ដឹក​ប្រេង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រេង​អង់គ្លេស​-​បារាំង Perenco នៅលើ​ទន្លេ​អា​ម៉ា​ហ្សូ​ន​នេះដែរ បណ្តាល​ឱ្យ​នាវិក​២​នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​។

​ហើយ​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២៤ គ្រោះថ្នាក់​មួយ​ទៀត​បាន​កើត​ឡើង​នៅលើ​ទន្លេ Ucayali នេះ​ដដែល បន្ទាប់​ពី​ទូក​មួយ​បាន​បុក​ជាមួយ​កំណាត់ឈើ​លិច​ទឹក បណ្តាលឱ្យ​មនុស្ស​៦​នាក់​ស្លាប់ និង​ជាង​៨០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​ពេលវេលា​៕ ​

 

Leave a Reply

Your email address will not be published. Required fields are marked *