សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

ជនសង្ស័យ​ចំនួន​១៩​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិតនៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ក្រោម​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដោយ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​អំពី​ការ​ឆបោក បន្ទាប់ពី​ក្រុម​នេះ ទើបតែ​មក​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប​បាន​រយ​:​ពេល​ប្រហែល​០២​សប្តាហ៍ ត្រៀម​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រោមរូបភាព​ទំនាក់ទំនង​អតិថិជន​វិនិយោគ​ទិញ​ភាគហ៊ុន ដោយ​មាន​គោលដៅ​ទៅ​ប្រទេស​ផ្សេងៗ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១៩​នាក់ មាន​ជនជាតិ​បង់​ក្លា​ដែស ចំនួន​១៦​នាក់ និង​នេ​ប៉ាល់​ចំនួន​០៣​នាក់ ។

​ជាមួយគ្នានេះ សមត្ថកិច្ច ក៏​បាន​រឹបអូស​សម្ភារៈ​ជា​វត្ថុតាង​រួមមាន កុំព្យូរ​ចំនួន​៨​គ្រឿង (​កុំព្យូទ័រ​លើ​តុ​៧​គ្រឿង​-​កុំព្យូទ័រ​យួរដៃ​១​គ្រឿង​) និង​ទូរ​សព្ទ​ដៃ ចំនួន​៣៥​គ្រឿង​។​

​បន្ទាប់ពី​មាន​ការបង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បច្ចុប្បន្ន​កំពុង​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ ក្នុង​ការបន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ​ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ ទីតាំង​ខាងលើ​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន​។​

​គួរបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *