ឯកឧត្តម កើត រិទ្ធ ថា​ការផ្លាស់ប្តូរ​តំណែង របស់​ចៅក្រម និង​ព្រះរាជអាជ្ញា រៀងរាល់ ៤​ឆ្នាំ​ម្តង គឺជា​គោលការណ៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​កិច្ចដំណើរការ​ការងារ​របស់​ស្ថាប័ន​

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​ចូលកាន់​មុខ​តំណែង ប្រធាន​សាលាដំបូង និង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​អបអរសាទរ​ចំពោះ ឯកឧត្តម កោ វណ្ឌី (​អតីត​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​) ផ្ទេរ​ទៅ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ចាម​។​

​ឯកឧត្តម សៀង សុខ (​អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​) ផ្ទេរ​ទៅ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការផ្ទេរ និង​តែងតាំង​ចូលកាន់​តំណែង​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ រួមមាន ឯកឧត្តម គឹម រ័ត្ន​ណារិន (​ផ្ទេរ​ពី​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​) មក​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម លា​វ ស្រេង (​ផ្ទេរ​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​) មក​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម​អភិបាលខេត្ត​សង្ឃឹម និង​លើកទឹកចិត្ត​ឲ្យ​ឯកឧត្តម​ទាំង​ពីរ​រូប​បន្ត​ការដឹកនាំ​ដើម្បី​ធានាបាន​នូវ យុត្តិធម៌​សង្គម និង​លើកកម្ពស់​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​លើ​ប្រព័ន្ធយុត្តិធម៌​។​

​នា​ឱកាស​នោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា ការផ្លាស់ប្តូរ​តំណែង របស់​ចៅក្រម និង​ព្រះរាជអាជ្ញា រៀងរាល់ ៤​ឆ្នាំ​ម្តង គឺជា​គោលការណ៍​ធម្មតា​ក្នុង​អាជីព ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​កិច្ចដំណើរការ​ការងារ​របស់​ស្ថាប័ន​តុលាការ និង​អយ្យការ​។ ធ្វើឲ្យ​ប្រសើរឡើង នូវ​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពត្រឹមត្រូវ​។ ផ្លាស់ប្តូរ​បទពិសោធន៍ និង​បង្កើន​ចំណេះដឹង​ថ្មីៗ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម កោ វណ្ឌី និង​ឯកឧត្តម សៀង សុខ ព្រមទាំង​មន្ត្រី​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ច្បាប់ និង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ក្នុង​តុលា ការ​របស់​ក្រសួង​យុត្តិធម៌​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​ដោះស្រាយ​ការលំបាក​នានា​របស់​សាលាដំបូង​ខេត្ត​។​

​ឯកឧត្តម កើត រិទ្ធ បាន​សង្កត់ធ្ងន់​លើ​កត្តា​សំខាន់​ចំនួន ៣ ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា​ត្រូវអនុវត្ត ដើម្បី​បម្រើ​ផល ប្រយោជន៍​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​៖
១.​សាមគ្គីភាព​ផ្ទៃក្នុង រវាង​ចៅក្រម និង​ចៅក្រម ព្រម​ទាំង​ចៅក្រម និង​ព្រះរាជអាជ្ញា​។​
២.​កិច្ចសហការ​ល្អ ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ​នានា​។​
៣.​ការលះបង់ របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *