ប្រធានកិត្តិយស​សមាគម​នារី​ខេត្ត​កំពត លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ​បងប្អូន​ស្ត្រី​ដែល​មាន​របរ​ត្បាញ​ចចូត​ឱ្យ​បន្ត​របរ​នេះ​ខណៈ​មាន​តម្រូវការ​ច្រើន​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ស្ត្រី​ដែល​មាន​មុខរបរ​ជា​អ្នក​ត្បាញ​ចចូត​ចំនួន ៣១​គ្រួសារ ស្ថិតក្នុង​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។

​មតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​ជំទាវ​ប្រធាន​កិត្តិយស​សាខា​សមាគមនារី​ខេត្ត​កំពត បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ជូន​ដល់​បងប្អូន​ស្ត្រី​ដែល​ជា​អ្នក​ត្បាញ​ចចូត​ទាំងអស់ ហើយ​ជា​និច្ច​ជា​កាល​ឯកឧត្តម​អភិបាលខេត្ត តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ពិសេស​ស្ត្រី និង​បាន​ណែនាំ​ដល់​សាខាសមាគម​នារី​ឱ្យ​ចុះ​ជួប សំណេះសំណាល និង​ស្វែងយល់​ពី​តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី​នៅតាម​បណ្តា​ភូមិ​-​ឃុំ ដើម្បី​រួមចំណែក​ក្នុង​ការដោះស្រាយ​សំណូមពរ ក៏ដូចជា​តម្រូវការ​ផ្សេងៗ​របស់​ពួកគាត់​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ជំទាវ​ប្រធាន​កិត្តិយស​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​កម្ពុជា​ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ឥ​ឈប់ឈរ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​មាន​ភាពល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​លោក​ជំទាវ​ប្រធាន​កិត្តិយស​បាន​បន្តថា បច្ចុប្បន្ននេះ​តម្រូវការ​ផលិតផល​ដែល​ត្បាញ​ដោយ​ចចូត​របស់​បងប្អូន​ស្ត្រី គឹ​មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ពិសេស​តាម​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊ត បឹង​ហ្គា​ឡូ និង​កន្លែង​កម្សាន្ត​ផ្សេងៗ ដោយ​ផលិតផល​ពី​ចចូត​ទាំងនោះ​គេ​អាច​យកទៅ​ដាក់​តាំង​លក់ ដាក់តាំង​លម្អ និង​សម្រាប់​ប្រើប្រាស់​ដើម្បី​លើក​សោភ័ណភាព​ផងដែរ​។

​លោក​ជំទាវ​ប្រធាន​កិត្តិយស​ក៏​បាន​ធ្វើ​ការលើកទឹកចិត្ត និង​ជំរុញ​ដល់​ស្ត្រី​ដែល​មាន​មុខរបរ​ជា​អ្នក​ត្បាញ​ចចូត​ទាំងអស់ សូម​កុំ​បោះបង់ ហើយ​បន្ត​ត្បាញ​ឱ្យចេញ​ជា​ផលិតផល​ផ្សេងៗ​តាម​តម្រូវការ​របស់​ភ្ញៀវ​ឱ្យបាន​ច្រើន ព្រោះ​បច្ចុប្បន្ន​ផលិតផល​ពី​ចចូត​កំពុង​មាន​ការគាំទ្រ ហើយ​នៅពេល​ដែល​ទទួល​បានកា​រ​គាំទ្រ​ច្រើន ចំណូល​ក៏​ទទួលបាន​ច្រើន ហើយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា ការ​ត្បាញ​ចចូត​របស់​អ្នក​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង គឺ​ធ្វើឡើង​ដោយ​ដៃ​មិន​មាន​ប្រើប្រាស់​ម៉ាស៊ីន​អ្វី​នោះទេ ហើយ​ចចូត​អាច​ផលិត​ចេញ​ជា​សម្ភារៈ​ជាច្រើន​ដូចជា កន្ទេល កាបូប មួក កន្ត្រក ប្រដាប់​ដាក់​អីវ៉ាន់​ផ្សេងៗ ធ្វើ​ជា​ចំណង​តុបតែង ឬ​អំបោះ​ចចូត គ្រឿង​តាំង​លម្អ​ជញ្ជាំង កំរាល​តុ និង​បំពង់​បឺត ដើម្បី​ជំនួស​បំពង់​បឺ​តប្លា​ស្ទិក រួម​ជាមួយនឹង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *