​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ខេត្តក្រចេះ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡ​ង់​

​ដោយ​មាន​ការសហការ និង​គាំទ្រ​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​ក្រចេះ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្រុមការងារ​អធិការកិច្ច​និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤​ធ្នូ ឆ្នាំ​២០២៥​។

​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន នា​ពេលកន្លងមក ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ដី​កាប់ រុករាន​ទន្ទ្រាន​ដី យក​ធ្វើ​ជា​កម្មសិទិ្ធ នៅលើ​ទីតាំង​៥​កន្លែង រួមមាន​:
១-​ចំណុច​ពន្លឺ​ពេជ្រ
២-​ចំណុច​អូរ​ទឹក​ក្រហម
៣-​ចំណុច​សសរ​ប្រាំបី​ជ្រុង
៤-​ចំណុច​ទួល​តាសេក
៥-​ទីតាំង​ចំណុច​វាល​យន្តហោះ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ភូមិ​សស្ត្រ​ខេត្ត​ក្រចេះ​។

​ជាមួយគ្នានេះ ក្រុម​ការងារ​បាន​ប្រើប្រាស់​ដ្រូ​ន និង​ដំឡើង​ផែនទី ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យបាន​ត្រឹមត្រូវ​កន្លែង​ដែល​មាន​ការកាប់​រាន​ដីព្រៃ ក្នុង​ពេល​ចុះ​បំពេញ​ការងារ​នេះ​ផងដែរ​។ ជា​លទ្ធផល​ក្រុម​ការងារ​បាន​ពិនិត្យឃើញថា ទីតាំង​ទាំង​៥​ខាងលើ មាន​ការកាប់​រុករាន​ដីព្រៃ និង​ដាំ​កូន​កៅស៊ូ ដោយ​កន្លែង​ខ្លះ​មាន​អាយុ​៣​ឆ្នាំ កន្លែង​ខ្លះ​មាន​អាយុ​១​ឆ្នាំ ឬ តិចជាង​១​ឆ្នាំ និង​កន្លែង​ខ្លះ​ទើប​កាប់​រាន​ថ្មី​ក្នុ​រយៈពេល​ប្រមាណ​២​សប្តាហ៍​មុន​។​

​ជាមួយគ្នានេះ ក្រុម​ការងារ​បាន​ទទួល​ការចូលរួម​គាំទ្រ​បន្ថែម ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ និង បានអនុញ្ញាត​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ដកហូត នូវ​វត្ថុតាង​ចាប់​យក​មួយ​ចំនួន ដូចជា ម៉ូតូ Honda Dream ចំនួន​២​គ្រឿង កៅឡាក់​ចំនួន​១ បន្ទះ​សូ​ឡា​តូច និង​អំពូល​ភ្លើង​ហ្វា​ចំនួន ១​ឈុត និង​ថ្នាំ​កម្ចាត់​ស្មៅ​ចំនួន ១​ធុង ចំណុះ​២០​លីត្រ មក​រក្សាទុក​។

​លើសពីនេះ មន្ត្រីនគរបាល​យុត្តិធម៌ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បាន​និង​កំពុង​កសាង​សំណុំរឿង​ករណីនេះ ដើម្បី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​ទៅតាម​ច្បាប់ ៕​

Leave a Reply

Your email address will not be published. Required fields are marked *