សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ខណ្ឌ​ឫស្សីកែវ​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​០៩​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ ១៣ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ក្រោម​ការសង្ស័យថា​មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​មន្ត្រី​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ នៅ​ថ្ងៃ​ទី​០៦​ខែ​ធ្នូ ឆ្នាំ​២០២៥ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​យក​ព័ត៌មាន​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​ដើម្បី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មាន​គោលដៅ​ទៅ​ប្រទេស​ផ្សេងៗ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​០៧​នាក់​(​ស្ត្រី​០២​នាក់​) និង​ជនជាតិខ្មែរ ចំនួន​០២​នាក់ ជា​អ្នកបើកបរ​រថយន្ត​។

​ជាមួយគ្នានេះ សមត្ថកិច្ច ក៏​បាន​រឹបអូស​សម្ភារៈ​ជា​វត្ថុតាង​រួមមាន កុំព្យូទ័រ​យួរដៃ Laptop ចំនួន​០៦​គ្រឿង , កុំព្យូទ័រ All in one ចំនួន​០៤​គ្រឿង , ម៉ូនីទ័​រ ចំនួន​០៦​គ្រឿង , iPad ចំនួន​០៨​គ្រឿង រួមជាមួយ ឯកសារ​ក្លែងបន្លំ​ដែល​មាន​ត្រា​របស់​ស្ថាប័ន​ពន្ធដារ​កូរ៉េ​, រូបភាព​អីវ៉ាន់​ផ្សេងៗ​, រូបភាព​បង្កើត​បណ្ណ​សម្គាល់​ក្លែងក្លាយ និង​ខ្លឹមសារ​អត្ថបទ ( script) សម្រាប់​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភ្ញៀវ​ផង​ដែរ​។​

​ក្រោយ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បច្ចុប្បន្ន​កំពុង​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ ក្នុង​ការបន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ​ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវបាន​បិទ​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *