ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ចុះ​ពិនិត្យ​រៀបចំ​មណ្ឌល​សុវត្ថិភាព​ជូន​ជនភៀសសឹក​នៅ​ខេត្ត​ព្រះវិហារ​

​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជនភៀសសឹក នៅតាម​មណ្ឌល​សុវត្ថិភាព ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​កងទ័ព​ថៃ​បើក​ការវាយប្រហារ​ជាថ្មី​។​

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវ​រៀបចំ​យ៉ាង​យកចិត្តទុកដាក់ និង​បន្ទាន់​ជាទី​បំផុត​ចំពោះ​ការចាត់ចែង​រៀបចំ​មណ្ឌល​សុវត្ថិភាព​ជូន​ជនភៀសសឹក ដែល​បាន​ចាកចេញ​ដោយ​ការបង្ខំចិត្ត បន្ទាប់​ពី​កងទ័ព​ថៃ​បើក​ការវាយប្រហារ​តាម​បណ្តោយ​ព្រំដែន​យ៉ាង​កំរោល និង​បណ្តាលឱ្យ​ប្រជា​ជនស្លូតត្រង់​ជា​ច្រើន​បាន​ចាកចេញ​ពី​ផ្ទះសម្បែង​របស់ខ្លួន​។

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា មកទល់ពេលនេះ​សម្រាប់​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ បាន​រៀបចំ​មណ្ឌល​សុវត្ថិភាព​តាម​ទីតាំង​ដែល​មាន​អំណោយផល​សម្រាប់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក​។

​ក្នុងនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បាន​ចាត់​ឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​រៀបចំ​រោងស្នាក់នៅ ក៏​ដូចជា​ការផ្គត់ផ្គង់​ទឹក ព្រម​ទាំង​អង្ករ និង​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក​។

​លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​មើលថែរក្សា​ប្រជាពលរដ្ឋ និង​ផ្គត់ផ្គង់​នូវ​រាល់​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ពិសេស​ត្រូវ​ត្រួតពិនិត្យ​ស្បៀងអាហារ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ភៀ​ស​សឹក​មាន​ការខ្វះខាត​ការ​ទទួលទាន​។​

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ និង​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​តែងតែ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ដំណាក់កាល និង​គ្រប់​កាលៈទេសៈ​៕​

Leave a Reply

Your email address will not be published. Required fields are marked *