ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន​៧៥​នាក់ ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

​ភ្នំពេញ​៖ ជនជាតិ​ថៃ​ចំនួន​ចំនួន ៧៥​នាក់ ក្នុងនោះ​មាន​ស្ត្រី ៤៨​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​កសិដ្ឋាន​ឈ្មោះ អម​រៈ ស្ថិតក្នុង​ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោយ​របាយការណ៍​ស្រាវជ្រាវ របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ការសង្ស័យថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam​។​

​ប្រតិបត្តិការ​នេះ ត្រូវបាន​ដឹកនាំ​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ពី លេខាធិការដ្ឋាន​នៃ​គណៈកម្មការ ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការ សម្របសម្រួល​នីតិវិធី​ដោយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការចូលរួម​ពី អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ខាងលើ និង​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧៥​នាក់ នោះ​។

​ជាមួយគ្នានេះ សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ​ជា​វត្ថុតាង​រួមមាន កុំព្យូទ័រ​យួរដៃ និង​ទូរ​សព្ទ​ដៃ​មួយ​ចំនួន​ផងដែរ​។​

​ក្រោយ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បច្ចុប្បន្ន​កំពុង​សហការ​ជាមួយ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ប្រគល់ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល ដើម្បី​បន្ត​អនុវត្តតាម នីតិវិធី​ច្បាប់​។

​ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវបាន​បិទ​បណ្តោះអាសន្ន​។​

‎​សូមបញ្ជាក់​ថា ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *