គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​អបអរសាទរ​វគ្គ​ជីវភាព​នយោបាយ​ប្រចាំឆ្នាំ ២០២៥ នៅ​ស្រុក​ព្រែក​ប្រសព្វ

​ខេត្ត​ក្រចេះ​៖ នៅ​ថ្ងៃ​សៅរ៍ ៨ រោច ខែ​មិគសិរ ឆ្នាំ​ជូត ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​រៀបចំ​ពិធី​អបអរសាទរ វគ្គ​ជីវភាព​នយោបាយ​ប្រចាំឆ្នាំ ២០២៥ និង​ទិសដៅ​អនុវត្ត​បន្ត ប្រកបដោយ​បរិយាកាស​រីករាយ សាមគ្គីភាព និង​ឯកភាព​ខ្ពស់ ស្ថិតនៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សរ ចំ​រុង អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​គោលបំណង​សំខាន់​នៃ​វគ្គ​ជីវភាព​នយោបាយ​នេះ គឺ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​ជីវភាព​នយោបាយ​កន្លង​មក ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​គណបក្ស និង​កំណត់​ទិសដៅ​អនុវត្ត​បន្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សរ ចំ​រុង បាន​ថ្លែងអំណរគុណ និង​សម្តែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​សមាជិក​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាងសកម្ម និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​បក្ស និង​បម្រើ​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ ឯកឧត្តម​បាន​លើកទឹកចិត្ត និង​អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​ទាំងអស់ បន្ត​ពង្រឹង​ការប្តេជ្ញា​ចិត្ត​លើ​ភារកិច្ច​ស្នូល ដូចជា ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ពង្រឹង​ការចុះ​មូលដ្ឋាន ស្តាប់​មតិ និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​បម្រើ​ជាតិ និង​ប្រជាជន​ជា​មូលដ្ឋាន​។​

​ពិធី​អបអរសាទរ​វគ្គ​ជីវភាព​នយោបាយ​ប្រចាំឆ្នាំ ២០២៥ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សាមគ្គីភាព ភាពរឹងមាំ និង​ការប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សុខសន្តិភាព និង​ភាពរុងរឿង​យូរអង្វែង​៕

Leave a Reply

Your email address will not be published. Required fields are marked *