តំបន់​ជាច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ត្រូវរង​ការវាយប្រហា​រ​ដោយ​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ Drone ចុងក្រោយ របស់​រុស្ស៊ី​ចំនួន​១២២​គ្រឿង​ 

ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែន​ពេញ​មួយ​យប់​រហូតដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​របួស ១៩​នាក់​ផ្សេង​ទៀត ក្នុងនោះ​មាន​កុមារ​ចំនួន​៤​នាក់​ដែរ នេះ​បើ​យោង​តាម​មន្ត្រី​ក្នុង​មូលដ្ឋាន​។

​ការវាយប្រហារ​ដោយ Drone លើ​អគារ​ផ្ទះល្វែង​៩​ជាន់​មួយ​នៅក្នុង​ទីក្រុង Vyshhorod ក្នុង​តំបន់ Kyiv​។ មន្ត្រី​បាន​និយាយ​ថា​មនុស្ស​១៤៦ នាក់​ត្រូវបាន​គេ​ជម្លៀស​ចេញពី​អគារ​ខ្ពស់ៗ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ពេញ​មួយ​យប់​តែម្តង​។​

នៅ​កន្លែង​ផ្សេងទៀត បំណែក​មី​ស៊ី​ល​រុស្ស៊ី​មួយ​ផ្សេង​ទៀត​ក៏​ត្រូវបាន​គេ​យកចេញ​ពី​ទីធ្លា​ឯកជន​ក្នុង​តំបន់ Chernihiv ដែរ​។ ប៉ុន្តែ​មិន​មាន​របាយការណ៍​អំពី​អ្នករងរបួស​នៅក្នុង​ការវាយប្រហារ​នោះទេ​។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញ Telegram កាលពី​ថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក Volodymyr Zelenskyy បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែន​ជាមួយនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​១២២​គ្រឿង និង​មាន​មី​ស៊ី​ល​ផ្លោង​មក​ជាមួយ​។

​កាលពី​ថ្ងៃ​សៅរ៍ ការវាយប្រហារ​បាន​ធ្វើ​ឡើង​ទាំង​ក្នុង​និង​ជុំវិញ​ទីក្រុង Kyiv ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​បីនាក់ និង​រាប់សិប​នាក់​ទៀត​រងរបួស នេះ​បើ​តាម​យោង​សំដី​មន្ត្រី​របស់​លោក​។

​ការវាយប្រហារ​ទាំងនេះ​បាន​កើតឡើង​នៅពេល​ដែល​មន្ត្រី​រដ្ឋបាល​កំពូល​របស់​លោក Donald Trump បាន​ជួប​ជាមួយ​អ្នក​ចរចា​អ៊ុយ​ក្រែន​នៅរ​ដ្ឋ Florida កាលពី​ថ្ងៃអាទិត្យ ដោយ​ជំរុញ​ឱ្យមាន​កិច្ចសម្របសម្រួល​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅលើ​ទឹកដី​អ៊ុ​យក្រែន និង​រៀបចំ​ជំនួប​ផ្ទាល់​សម្រាប់​កិច្ចពិភាក្សា​សំខាន់ៗ​ដែល​បាន​គ្រោងទុក​នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង​មូ​ស្គូ​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin៕

Leave a Reply

Your email address will not be published. Required fields are marked *